- សូមគោរព លោកវេជ្ជបណ្ឌិត លី ប៉េងស៊ុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ និងកាមរោគ
- សូមគោរព លោក ជួប សុខចំរើន នាយកប្រតិបត្តិនៃអង្គការ KHANA
- សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី
ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយក្រៃលែងដោយបានស្តាប់នូវលទ្ធផលនៃការស្ទង់មតិបញ្ចូលគ្នារវាងឥរិយាបទ និងជីវសាស្ត្រក្នុងចំណោមអ្នកបម្រើការងារក្នុងវិស័យកំសាន្ត។ ការស្ទង់មតិនេះនឹងជួយបង្ហាញផ្លូវកម្ពុជាឆ្ពោះទៅសម្រេចគោលដៅនៃការលុបបំបាត់ជម្ងឺអេដស៍ត្រឹមឆ្នាំ ២០២០។
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា អ្នកបម្រើការងារក្នុងវិស័យកំសាន្តតំណាងអោយក្រុមប្រជាជនដ៏មានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាជម្ងឺអេដស៍ក្នុងប្រទេសកម្ពុជា។
ការស្ទង់មតិនៃអាត្រាប្រេវ៉ាឡង់ និងឥរិយាបទជម្ងឺអេដស៍ គឺមានអានុភាពណាស់។ ការស្ទង់មតិទាំងនេះផ្តល់ដល់យើងនូវទិន្នន័យចុងក្រោយស្តីពីវឌ្ឍនៈភាព ក៏ដូចជាគម្លាតការការពារ ការធ្វើតេស្ត និងការព្យាបាលជម្ងឺអេដស៍។ ដូចដែលអ្នកទាំងអស់គ្នាអាចចងចាំបានថា ការស្ទង់មតិនៅឆ្នាំ ២០១០ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរៀបចំកម្មវិធីផ្នែកអេដស៍របស់ទីភ្នាក់ងារ USAID។
ភ្លាមៗបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា ខ្ញុំបានចូលរួមប្រកាសដាក់អោយប្រើឧបករណ៍ mHealth និងបានទៅទស្សនកិច្ចនៅទីកន្លែងអនុវត្តកម្មវិធី SMARTgirl មួយចំនួនផងដែរ។ ខ្ញុំមានការរីករាយ និងពេញចិត្តចំពោះការងាររបស់អង្គការ KHANA ដៃគូសង្គមស៊ីវិលនានា ព្រមទាំងអង្គការ Global Fund ដែលកំពុងបំពេញការងារពាក់ព័ន្ធនឹងអ្នកបម្រើការងារក្នុងវិស័យកំសាន្ត ក្នុងគោលបំណងបង្ការ និងរកអោយឃើញនូវមូលហេតុនៃការរីករាលដាលជម្ងឺអេដស៍ កាត់បន្ថយការមានផ្ទៃពោះដោយចៃដន្យ និងគាំទ្រដល់អុ្នកបម្រើការងារក្នុងវិស័យកំសាន្តដែលកំពុងរស់នៅជាមួយមេរោគអេដស៍។
កម្មវិធីមួយរបស់ទីភ្នាក់ងារ USAID ហៅថា PRASIT បានបង្កើតកម្មវិធី SAMRTgirl ក្នុងឆ្នាំ ២០០៩ ជាពិសេសសម្រាប់អ្នកបម្រើការងារក្នុងវិស័យកំសាន្តក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់នូវការវិភាគលើទិន្នន័យជាច្រើនដើម្បីដាក់ចេញនូវសកម្មភាព។ ចាប់តាំងពីពេលនោះមក កម្មវិធី SMARTgirl ត្រូវបានដាក់អោយអនុវត្តយ៉ាងទូលំទូលាយមក ហើយបានឆ្លុះបញ្ចាំងនូវភាពជាវិជ្ជមានរបស់អ្នកបម្រើការងារក្នុងវិស័យកំសាន្ត។ កម្មវិធីSMARTgirl ត្រូវបានបង្កើតឡើងដោយភាពស្មោះត្រង់ និងងាយស្រួលស្វែងរកព័ត៌មានដែលអាចជឿជាក់បានតាមរយៈមិត្តភ័ក្រ្តដែលទទួលបានការបណ្តុះបណ្តាល។
ដោយសារថាអ្នកបម្រើការងារក្នុងវិស័យកំសាន្តចល័តគ្រប់ទីកន្លែង កម្មវិធី SMARTgirl ផ្តល់ដល់ពួកគេនូវលទ្ធភាពស្វែងរកការគាំទ្រយ៉ាងឆាប់រហ័សនៅទីកន្លែងថ្មីរបស់ពួកគេ។ កម្មវិធី SMARTgirl ត្រូវបានបង្កើតឡើងសម្រាប់ប្រទេសកម្ពុជាដោយមានការគាំទ្រជាបច្ចេកទេសពីទីភ្នាក់ងារ USAID និងវាជាកម្មសិទ្ធិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍។ យើងសង្ឃឹមថាមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ និងកាមរោគនឹងបន្តទាញយកផលប្រយោជន៍ពីកម្មវិធី SMARTgirl នៅទូទាំងប្រទេស។
មានការប្រែប្រួលច្រើនចាប់តាំងពីការស្ទង់មតិបែបនេះក្នុងឆ្នាំ ២០១០។ បទបញ្ញត្តិស្តីពីសុវត្ថិភាពឃុំ-សង្កាត់ បានឈានទៅបិទផ្ទះបនជាច្រើន អ្នកបម្រើការក្នុងវិស័យកំសាន្តបានងាកទៅរកទីកន្លែងផ្តល់សេវាកំសាន្ត ហើយបានចាប់ផ្តើមប្រាស់ទូរស័ព្ទដើមធ្វើការណាត់ជួប។ បញ្ហានេះទាមទារអោមានវិធីសាស្ត្រថ្មី។ គម្រោង Flagship បានណែនាំនូវកិច្ចអន្តរាគមន៍ជាច្រើនរួមមាន៖ ការធ្វើតេស្តឈាមដោយចាក់ម្រាមដៃក្នុងកម្រិតសហគមន៍ ការប្រើប្រាស់លេខកូដសម្គាល់ពិសេសមួយ ការរៀបចំប្លង់ដោយGIS ការពិនិត្យមើលហនិភ័យដោយប្រព័ន្ធTablet និងការចូលទៅរកសេវាពន្យាកំណើតទំនើបៗ។ ថ្ងៃនេះអ្នកបម្រើការងារក្នុងវិស័យកំសាន្តភាគច្រើនតែងតែជាទៀងទាត់ទៅរកការធ្វើតេស្ត និងរកការព្យាបាលនានាតាមរយៈមិត្តភ័ក្រ្តដែលបានទទួលការបណ្តុះបណ្តាល ។ លោកអ្នកអាចមើលឃើញក្នុងសហគមន៍មួយចំនួន ការរំលូតកូនត្រូវបានកាត់បន្ថយពាក់កណ្តាល ហើយការប្រើប្រាស់សវាពន្យា កំណើតបែបទំនើបមានការកើនឡើង២ភាគ៣។ ទំនោរនេះបង្ហាញនូវភាពគួរអោយរីករាយ។
ការស្ទង់មតិ និងលទ្ធផលដែលយើងទាំងអស់គ្នានឹងបានស្តាប់នាថ្ងៃនេះគឺមានសារៈសំខាន់ខ្លាំងណាស់។ វាផ្តល់ដល់យើងនូវឱកាសក្នុងការពិនិត្យមើលឡើងវិញយ៉ាងយកចិត្តទុកដាក់នូវភស្តុតាង និងស្វែងរកមធ្យោបាយដើម្បីផ្តោតអោយចំគោលដៅប្រសើរជាងមុន។ កិច្ចពិភាក្សាថ្ងៃនេះក៏នឹងជួយយើងក្នុងការរៀបចំយុទ្ធសាស្ត្រថ្មីៗ ដើម្បីលើកទឹកចិត្តឥរិយាបទផ្នែកសុខភាព និងធ្វើអោយប្រសើរឡើងនូវសេវាថែទាំសុខភាពប្រកបដោយគុណភាព។
ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំដោយការថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ និងកាមរោគ ដែលរៀបចំនូវសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងអរគុណចំពោះការចូលរួមនាថ្ងៃនេះ។
សូមអរគុណ!
Comment
Make a general inquiry or suggest an improvement.