- សូមគោរព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- សូមគោរព ឯកឧត្តម ចាន់ សុផល អភិបាលខេត្តបាត់ដំបង
- សូមគោរព ឯកឧត្តម ង៉ោ ប៊ុនថាន់ សាកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម
- សូមគោរព លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសកលវិទ្យាល័យបាត់ដំបង
- សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!
ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយ ដោយបានចូលរួមសម្ពោធឧទ្យានបច្ចេកវិទ្យាដំបូងក្នុងចំណោមសួនចំនួនប្រាំរបស់មជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មនិរន្តរភាព និងអាហារូបត្ថម្ភ ឬហៅថា CE SAIN។ ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសកលវិទ្យាល័យបាត់ដំបងសម្រាប់ការរៀបចំកម្មវិធីនេះឡើង។ ខ្ញុំក៏សូមសម្តែងនូវអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តម ង៉ោ ប៊ុនថាន់ ដែលបានចូលរួមជាមួយរូបខ្ញុំ និងលោកឯកអគ្គរដ្ឋទូត វីល្លៀម ហៃដ៍ នាឱកាសពិធីសម្ពោធដាក់អោយប្រើប្រាស់នូវមជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មនិរន្តរភាព និងអាហារូបត្ថម្ភកាលពីខែកញ្ញាឆ្នាំមុន។
គោលដៅរបស់មជ្ឈមណ្ឌល CE SAIN គឺធ្វើការផ្លាស់ប្តូរប្រព័ន្ធម្ហូបអាហារកសិកម្មតាមរយៈការស្រាវជ្រាវ ការអប់រំ និងរបកគំហើញថ្មីក្នុងវិស័យកសិកម្ម។ ការផ្លាស់ប្តូរនេះ គឺប្រែក្លាយផលិតកម្មស្បៀងអាហារពីវិធីសាស្ត្រដែលពឹងផ្អែកលើដី និងកម្លាំងពលកម្មច្រើន ហើយប៉ះពាល់ដល់បរិស្ថានទៅជាវិធី សាស្ត្រដែលជួយលើកកម្ពស់បរិស្ថានវិញម្តង។ វិធីសាស្ត្រនេះត្រូវបានគេស្គាល់ថាប្រពលវប្បកម្មនិរន្តរភាព។ ប្រពលវប្បកម្មនិរន្តរភាព ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធិភាពធនធាន និងផលិតភាពដោយមិនធ្វើអោយខូចខាតដល់ដី ឬទឹករបស់យើង។ គោលដៅនេះ ក៏ដូចជាសកម្មភាពទាំងឡាយក្នុងវិស័យកសិកម្មរបស់ទីភ្នាក់ងារ USAID គឺអនុលោម និងគាំទ្រដល់គោលបំណងនានាដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឧទ្យានបច្ចេកវិទ្យាបែបនេះ គឺជាមជ្ឈមណ្ឌលសម្រាប់អ្នកវិទ្យាសាស្ត្រ និងអ្នកប្រតិបត្តិនានាធ្វើការអភិវឌ្ឍ ធ្វើតេស្តសាកល្បង ធ្វើការបង្ហាញ និងធ្វើការចែករំលែកនូវបច្ចេកវិជ្ជាថ្មីៗ និងមានសក្តានុពលខ្ពស់ជាមួយប្រព័ន្ធប្រពលវប្បកម្មកសិកម្មប្រកបដោយនិរន្តរភាព។ ឧទ្យានបច្ចេកវិទ្យាទាំងនេះនឹងរៀបចំតម្រូវទៅតាមប្រព័ន្ធផលិតកម្មកសិកម្មនៅតាមតំបន់ក្សេត្របរិស្ថាននានាក្នុងប្រទេសកម្ពុជា។ ឧទ្យានទាំងនេះក៏នឹងបង្ហាញនូវបច្ចេកវិទ្យា និងរបកគំហើញថ្មីៗទៅកាន់កសិករ ដើម្បីជួយអោយទិន្នផលរបស់ពួកគេមានការកើនឡើង ព្រមទាំងធ្វើអោយដីកាន់តែមានគុណភាពផងដែរ។
ឧទ្យានទាំងនេះត្រូវបានរចនាឡើងក្នុងគោលបំណងទាក់ទាញការវិនិយោគរបស់ឯកជនក្នុងវិស័យស្រាវជ្រាវ ដើម្បីអភិវឌ្ឍនូវបច្ចេកវិទ្យាដែលអាចនឹងលក់ទៅអោយកសិករ និងអ្នកបម្រើការក្នុងវិស័យកសិកម្មដ៏ទៃទៀត។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នានាតួយ៉ាងដូចជា៖ ពិពណ៌របកគំហើញថ្មី និងសិក្ខាសាលានឹងត្រូវរៀបចំឡើងសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្មរាប់ទាំងកសិករខ្នាតតូច រហូតដល់អ្នកបោះដុំ ដើម្បីអោយអ្នកទាំងអស់នោះអាចស្វែងរកបាននូវបច្ចេកវិទ្យាចុងក្រោយបំផុត។ ឧទ្យានបច្ចេកវិទ្យាក៏នឹងក្លាយជាទីតាំងសម្រាប់អ្នកវិទ្យាសាស្ត្រពីសកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ដែលជាដៃគូរបស់សកលវិទ្យាល័យក្នុងស្រុកអាចបង្ហាញនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន ព្រមទាំងធ្វើការជាមួយអ្នកប្រើប្រាស់ចុងក្រោយដូចជា៖ កសិករ អ្នកផ្គត់ផ្គង់ និងអ្នកឯកទេសជាដើម។
ត្រូវចងចាំថា យើងទាំងអស់គ្នាកំពុងតែនិយាយអំពីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ កសិករដូចជា អៀង ចរិយា និង ផង់ សារ៉េត នៅស្រុកពួក ខេត្តសៀមរាបដែលខ្ញុំបានជួបកាលពីដើមឆ្នាំនេះ។ ពួកគេបានបង្កើនផលិតកម្មបន្លែរបស់ខ្លួនពីពីរដង ទៅប្រាំដងក្នុងមួយឆ្នាំ ហើយបានបង្កើនប្រាក់ចំណូលរបស់ខ្លួនជិតបីដង បន្ទាប់ពីពួកគេបានអនុវត្តនូវបច្ចេកវិទ្យាកសិកម្មថ្មីដែលទទួលបានពីការស្រាវជ្រាវរបស់សកលវិទ្យាល័យនៅសហរដ្ឋអាមេរិកដែលជាដៃគូរបស់សកលវិទ្យាល័យភូមិន្ទកសិកម្ម ។
សូម ចរិយា និងសារ៉េត ក្រោកឈរឡើងដើម្បីអោយអ្នកទាំងអស់គ្នាបានស្គាល់។ សូមអររគុណដែលបានមកចូលរួមជាមួយយើងថ្ងៃនេះ។ អ្នកទាំងអស់គ្នាជួបជជែកជាមួយអ្នកទាំងពីរដើម្បីស្វែងយល់អំពីបទពិសោធន៍របស់ពួកគេ។ ពួកគេទាំងពីនាក់ គឺជាឧទាហរណ៍មួយដ៏ល្អសម្រាប់គរួសារធម្មតាមួយក្នុងខេត្តសៀមរាប។ ស្វាមីជាអ្នកដាំបន្លែ និងជាសមាជិកនៃសហករណ៍កសិកម្ម។ ភរិយាជាអ្នកប្រមូល និងលក់បន្លែទៅកាន់ទីផ្សារក្នុងស្រុក។ ចំណូលទទួលបានពីការដាំដុះ និងការលក់បន្លែពិតជាមានសារៈសំខាន់សម្រាប់ក្រុមគ្រួសារពួកគេ។ កូនៗរបស់ពួកគេអាចបានចូលរៀន ហើយអាចទទួលបាននូវអាហារដែលមានជីវជាតិផងដែរ។
ខ្ញុំសង្ឃឹមថាកសិករក្នុងខេត្តបាត់ដំបងនេះក៏នឹងទទួលបាននូវផលប្រយោជន៍ដូចគ្នានេះផងដែរ។
ដូចដែលខ្ញុំបានលើកឡើងពីខាងដើម ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសដោយបានមកចូលរួមជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះសកលវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យបាត់ដំបង ឯកឧត្តមអភិបាលខេត្តបាត់ដំបង ព្រមទាំងក្រសួកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
សូមអរគុណ!
Comment
Make a general inquiry or suggest an improvement.